កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅបន្តត្រីមាសទី២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅសាលប្រជុំនៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ។ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ក្នុងអង្គប្រជុំថាកិច្ចប្រជុំនេះធ្វើឡើងរៀងរាលបីខែម្តងដើម្បីពិនិត្យរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបូកសរុបលទ្ធផលអនុវត្តវិស័យការងារអាទិភាពការគ្រប់គ្រងគ្រោះមហន្តរាយ អគ្គីភ័យ និងបម្រែបម្រួលអាកាសធាតុ និងការថែទាំសុខភាពក្នុងសហគមន៍ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ការអភិវឌ្ឍន៍ស្ថាប័ននិងធនធាន និងបញ្ហាប្រឈមផ្សេងៗ ។
ជាមួយគ្នានេះដែរឯកឧត្តម ងួន រតនៈ បានពិភាក្សាជាមួយអង្គប្រជុំនិងដាក់ចេញនូវទិសដៅបន្តសម្រាប់ត្រីមាសទី២ រួមមាន៖
១ ត្រៀមរៀបចំទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ដើម្បីកៀរគររកមូលនិធិ និងអំណោយមនុស្សធម៌ ពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋានសម្រាប់ធ្វើសកម្មភាពជួយដល់ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ និងជួបវិបត្តិភ័យផ្សេងៗ ។
២ ត្រៀមរៀបចំពិធីបុណ្យចម្រើនព្រះជន្មហ្លួងម៉ែព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជានាពេលខាងមុខស្របតាមការណែនាំរបស់ថ្នាក់ជាតិ ។
៣ ផ្សព្វផ្សាយការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងត្រៀមបង្ការហានិភ័យផ្សេងៗដែលកើតឡើងពីការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងៗ ។